អគ្គនាយិការក្រុមហ៊ុន ហេង ច័ន្ទនី អង្គរមាស ខ្ចីលុយពីពលរដ្ឋក្រីក្រម្នាក់ត្រឹមតែ ៣៩០០ដុល្លារ ច្រើនឆ្នាំហើយមិនសងដោយព្យាយាមភូតកុហករហូត!

(បាត់ដំបង)៖ ដោយអត់ទ្រាំចំពោះសម្តីភូតកុហកជាច្រើនឆ្នាំ ច្រើនលើក និងច្រើនសារ លោក ធី សុធារ៉ា បានស្នើសុំឱ្យអ្នកសារព័ត៌មានជួយចុះផ្សាយនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបានដឹងដល់អ្នកស្រី ញ៉ែម ច័ន្ទនី ដែលជាអគ្គនាយិការ ក្រុមហ៊ុន ហេង ច័ន្ទនី ដែលមានទីតាំងស្ថិតនៅភូមិ រំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក ធី សុធារ៉ា អាយុ៣៤ឆ្នាំ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយអំពីអ្នកស្រី ញ៉ែម ច័ន្ទនី អាយុ៦១ឆ្នាំ បានខ្ចីលុយពីលោកចំនួន៣៩០០ដុល្លារ ជាលុយដែលលោកខំសន្សំយ៉ាងលំបាក។ ដោយមានទំនុកចិត្តថាអ្នកស្រីជាចាស់ជាទុំ និងជាពាណិជ្ជករ ពិសេសដោយមើលឃើញថតរូបសុទ្ធតែថតជាមួយថ្នាក់ដឹកនាំផងនោះក៏បានឱ្យអ្នកស្រីខ្ចី។

តែតាំងពីខ្ចីមកគឺអ្នកស្រីមិនសង ដោយគេចវេស និងភូតកុហករហូតទើបនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ធី សុធារ៉ា បានដាក់ពាក្យទៅសាលាសង្កាត់រនតៈដើម្បីឱ្យមានការដោះស្រាយជូនដល់គាត់។
ហើយនៅក្នុងកិច្ចសន្យានោះ អ្នកស្រី ញ៉ែម ច័ន្ទនី សន្យាថាត្រូវតែសង តែបែរមិនសងទៅវិញដោយយកលេសនេះយកលេសនោះតែរហូត ពោលគឺកុហកតែម្តង។

រហូតដល់ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៦ ភាគីអ្នកស្រី ញ៉ែម ច័ន្ទនី និងលោក ធី សុធារ៉ា បានធ្វើលិខិតទទួលស្គាល់ប្រាក់ជំពាក់ និងទូទាត់សងប្រាក់នៅចំពោះមុខលោកមេធាវី ហម មុនី តែនៅតែអ្នកស្រី ញ៉ែម ច័ន្ទនី មិនសងដដែល។

ចំពោះលិខិតទទួលស្គាល់ប្រាក់ជំពាក់ និងទូទាត់សងប្រាក់ លោកមេធាវី ហម មុនី បានឱ្យអ្នកសារព័ត៌មានដឹងថា ពិតជាធ្វើនៅចំពោះមុខលោក ហើយលោកពិតជាបានប្រថាប់ត្រា ចុះហត្ថលេខាពិតមែន។

ចំណែកអ្នកស្រី ញ៉ែម ច័ន្ទនី អ្នកសារព័ត៌មានរប់សយើងបានព្យាយាមធ្វើការទំនាក់ទំនងតាមរយៈតេលេក្រាម(Telegram) អ្នកស្រីបានមើលហើយតែមិនតប។ ដោយឡែកលោក យស់ យឿន ជាចៅសង្កាត់រតនៈ អ្នកសារព័ត៌មានរបស់យើងបានទំនាក់ទំនងសុំព័ត៌មានពីគាត់ដែរ តែលោកមិនទាន់ឆ្លើយតប។

ទោះជាយ៉ាងទំហំលុយ ៣៩០០ដុល្លារមិនច្រើនទេចំពោះអ្នកមាន តែវាច្រើនណាស់ចំពោះអ្នកក្រ។

ចំពោះករណីខ្ចីលុយមិនសងនេះ លោក ធី សុធារ៉ា សំណូមពរទៅអ្នកស្រី ញ៉ែម ច័ន្ទនី សូមអ្នកស្រីជួយសងលុយមកលោកវិញផង ព្រោះលោកមិនចង់បានអ្វីក្រៅពីលុយដែលបានជំពាក់នោះទេ។

ជុំវិញករណីខាងលើនេះ អង្គភាពរបស់យើងនឹងរង់ចាំការបំភ្លឺបន្ថែមទៀតពីភាគីដែលពាក់ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *