(ខេត្តព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថស្រុកបាភ្នំ បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកូនលៀសពីធម្មជាតិដោយគ្មានលិខិតអនុញ្ញាត។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបឹងខ្សាច់សរ ក្នុងភូមិខ្សាច់សរ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យោងតាមរបាយការណ៍ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី ជ័យ សឿង ប្រធានមន្ទីរស្រាវជ្រាវ ព័ត៌មាន សន្តិសុខ កម្លាំងចម្រុះរួមមានកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកបាភ្នំ ចំនួន០៨នាក់ ដោយប្រើប្រាស់រថយន្ត០២គ្រឿង បានចុះអន្តរាគមន៍ និងបង្ក្រាបបទល្មើសខាងលើ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ុម ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបរ មានស្រុកកំណើតនៅភូមិសូចាន់ ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុតាង រួមមាន៖
រថយន្ត ១គ្រឿង ម៉ាកហ្វុយសូ ពណ៌ស លាយខៀវ ស្លាកលេខ ព្រះសីហនុ 3A.6390 លៀសចំនួន ២៤០ការ៉ុង ទម្ងន់សរុបប្រមាណ ២១,០០០ គីឡូក្រាម
ទូរស័ព្ទដៃម៉ាក Infinix ចំនួន ១គ្រឿង
ប័ណ្ណបើកបរប្រភេទ(ខ)ថតចម្លង ចំនួន ១សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជំនាញជលផលខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។
សូមបញ្ជាក់ថាសកម្មភាពនេះគឺវាប៉ះពាល់ធ្ងន់ធ្ងរ បំផ្លាញជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលច្បាប់ត្រូវបានហាមឃាត់៕


