(កណ្តាល)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយធ្វើដំណើរពេលយប់ងងឹត ហើយបានជិះចូលជង្ហុក បណ្តាលមកពីការស្រុតដី ដោយបណ្តាលមកពីរថយន្តដឹកបេតុង និងគ្រឿងសំណង់ ចូលចាក់ក្នុងការដ្ឋានរបស់លោក សុខ ហេង ថៅកែក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២០:២០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមុខការដ្ឋានធ្វើរបងរបស់លោក សុខ ហេង ស្ថិតនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
បើតាមអ្នកនៅកន្លែងកើតហេតុបានឳ្យអ្នកសារព័ត៌មានយើងដឹងថា អ្នករងគ្រោះបានជិះម៉ូតូម៉ាក Wave Alpha ធ្វើដំណើរពីជើង មកត្បូង ពេលមកដល់ចំណុចកើតហេតុ មានសភាពងងឹត ហើយមានជង្ហុកធំមួយ ជនរងគ្រោះបានជិះចូលហើយ ក៏រេចង្កូត ជ្រុលម៉ូតូដួលទៅជាប់កនៅបន្លាររបងលួស បណ្តាលឳ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
បើតាមដឹងថាជនរងគ្រោះឈ្មោះ តឹង ភេទប្រុស អាយុជាង៤០ ពេលនេះសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋាននៃសពនៅភូមិបារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានបន្តឳ្យអ្នកសារព័ត៌មានដឹងថា៖ ផ្លូវដែលស្រុតខូច ក្លាយទៅជាជង្ហុកនេះគឺដោយសាមានការរដ្ឋានសាងសង់របង ដោយមានរថយន្តធុនធំបានបើកចេញចូល ដឹកធ្ងន់ៗ ដែលឈានទៅដល់ធ្វើឳ្យមានប្រជាពលរដ្ឋធ្វើដំណើររងគ្រោះថ្នាក់រហូតបាត់បង់ជីវិតបែបនេះ។
សូមរំលឹកថា៖ការដ្ឋានដែលកំពុងសាងសង់នេះគឺដោយសារមានការដោះដូរផ្លូវនៅកណ្តាលដី ដោយផ្លាស់ប្តូរទាំងនៅក្នុងទិន្ន័យប្រព័ន្ធភូមិបាលរួចហើយដែថ ហើយម្ចាស់ដីបានធ្វើរបងនៅខាងកៀនដី។
ហើយចំពោះទីតាំងបណ្តោយផ្លូវដែលមានគ្រោះថ្នាក់នេះទៀតសោត គម្របលូមានលក្ខណៈខ្ពស់ជាងផ្លូវផងដែរ។ ប្រជាពលរដ្ឋក៏សូមសំណូមពរឱ្យអាជ្ញាធរ បើកការស៊ើបអង្កេត និងមានវិធានការចំពោះករណីគ្រោះថ្នាក់ខាងលើនេះផង កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃ! ព្រមទាំងដើម្បីបង្កាកុំឱ្យមានគ្រោះថ្នាក់ក្រោយៗទៀត៕

