តើលោក វ៉ា ស្រឿន ប្រធានការិយាល័យគាំពារបរិស្ថាន ជានរណាឱ្យប្រាកដ? ប្រភពព័ត៌មានពីក្រុមហ៊ុនដេញថ្លៃបង្ហើបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំ

(ខេត្តសៀមរាប)÷ ប្រភពព័ត៌មានពីក្រុមហ៊ុនមួយចំនួនលើកឡើងថា នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោយពេលគម្រោងចាប់ផ្តើមអនុវត្ត និងមានការចុះពិនិត្យគុណភាពផ្លូវ គេបានឃើញលោក វ៉ា ស្រឿន ដែលត្រូវបានគេស្គាល់ថាជា ប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម ចូលរួមពិនិត្យការដ្ឋាន។ ករណីនេះបានធ្វើឱ្យក្រុមហ៊ុនខ្លះមានចម្ងល់ថា តើលោក វ៉ា ស្រឿន មានទំនាក់ទំនង ឬពាក់ព័ន្ធអ្វីជាមួយលោក សុង ហុកឈូង និងក្រុមហ៊ុន យ៉ាដេត ខនស្ត្រាក់សិន ឬយ៉ាងណា?បានជាតំណាងក្រុមហ៊ុន យ៉ាដេតខនស្ត្រាក់សិន តែងតែបង្ហាញ អាកប្បកិរិយា ក្អេងក្អាង និងក្រអឺតក្រទម ដែលធ្វើឲ្យមានការសង្ស័យថា អាចមានមន្ត្រីណាម្នាក់នៅពីក្រោយគាំទ្រ ឬយ៉ាងណា? ទោះយ៉ាងណាការលើកឡើងទាំងនេះគឺជាប្រភពព័ត៌មានតែប៉ុណ្ណោះ ហើយមិនទាន់មានភស្ថុតាងបញ្ជាក់នៅឡើយ។

ប្រភពព័ត៌មានក៏បានសួរថា ប្រសិនបើលោក វ៉ា ស្រឿន ជាមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ចាមពិតមែន តើការចំណាយម៉ោងការងាររដ្ឋទៅចូលរួមពិនិត្យគុណភាពផ្លូវរបស់ក្រុមហ៊ុនឯកជនបែបនេះ ស្ថិតក្នុងដែនសមត្ថកិច្ច និងស្របតាមច្បាប់និងបទប្បញ្ញត្តិដែរឬទេ?​ ប្រភពព័ត៌មានបានអំពាវនាវដល់ឯកឧត្តម អ៊ុន ចិន្ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេសក្រសួងបរិស្ថានមេត្តា ឈ្វេងយល់ករណីនេះ ប្រសិនបើមានការពាក់ព័ន្ធរបស់មន្ត្រីក្រោមឱវាទក្នុងសកម្មភាពក្រៅតួនាទី ឬមានការប្រើប្រាស់ពេលវេលារដ្ឋមិនស្របតាមបទប្បញ្ញត្តិ។
សូមលោកមេត្តាចាត់មន្ត្រីជំនាញស្វែងយល់ឬអង្គេតអំពីបញ្ហានេះផង!

អ្នកសារព័ត៌មានយើងខ្ញុំបានព្យាយាមទាក់ទងលោក វ៉ា ស្រឿន តាមរយៈលេខទូរស័ព្ទ ០៩៧ ៤៥៤ ៣៨០១ ដើម្បីសុំការបំភ្លឺជុំវិញការលើកឡើងរបស់ប្រភពព័ត៌មាន ប៉ុន្តែរហូតដល់ពេលចេញផ្សាយនេះ ពុំទាន់មានអ្នកទទួលទូរស័ព្ទនៅឡើយ។ សារព័ត៌មានយើងខ្ញុំនឹងបន្តស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធ និងចុះផ្សាយព័ត៌មានបន្ថែមនៅពេលទទួលបានការឆ្លើយតប ដើម្បីធានាបាននូវតុល្យភាព និងភាពត្រឹមត្រូវនៃព័ត៌មាន។

Leave a Reply

Your email address will not be published. Required fields are marked *